រដ្ឋាភិបាលនេប៉ាល់លុបចោលបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយការតវ៉ាដែលបណ្តាលឲ្យមនុស្ស ១៩ នាក់ស្លាប់

រដ្ឋាភិបាលនេប៉ាល់បានប្រកាសលុបចោលវិធានការហាមឃាត់បណ្តាញសង្គមចំនួន ២៦ បន្ទាប់ពីមានការតវ៉ាយ៉ាងហិង្សាដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ១៩ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស។
កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា ក្រុមយុវជនរាប់ពាន់នាក់បានសម្រុកចូលរដ្ឋសភាក្នុងរដ្ឋធានីកដ្ឋមណ្ឌូ ទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការហាមឃាត់បណ្តាញសង្គមចំនួន ២៦ រួមមាន Facebook និង YouTube ក៏ដូចជាទាមទារឱ្យដោះស្រាយបញ្ហាអំពើពុករលួយ។ ជាការឆ្លើយតប រដ្ឋាភិបាលបានកោះប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់នៅល្ងាចថ្ងៃដដែល ហើយបានអនុម័តសេចក្តីសម្រេចលុបចោលបទបញ្ជាខាងលើ។ លោក Prithvi Subba Gurung រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មាន បានថ្លែងថា ការសម្រេចចិត្តនេះគឺដើម្បីឆ្លើយតបទៅនឹង “ការទាមទាររបស់យុវជនជំនាន់ Z”។
កាលពីមុន រដ្ឋាភិបាលបានលើកហេតុផលថា ការហាមឃាត់បណ្តាញសង្គមគឺជាវិធានការដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ សម្ដីញុះញង់ឲ្យមានការស្អប់ខ្ពើម និងការបោកប្រាស់តាមអនឡាញ។ ប៉ុន្តែក្រុមបាតុករភាគច្រើនយល់ថា វាជាការប្រើប្រាស់អំណាចផ្តាច់ការ។ មនុស្សជាច្រើនបានកាន់បដាដែលមានពាក្យស្លោកថា “ល្មមបានហើយ” និង “បញ្ឈប់អំពើពុករលួយ”។ ជាមួយគ្នានេះ គេក៏បានរាយការណ៍ថា មានអ្នកគប់ដុំថ្មទៅលើផ្ទះរបស់នាយករដ្ឋមន្ត្រី K.P. Sharma Oli នៅស្រុកកំណើតរបស់លោកក្នុងខេត្ត Damak ផងដែរ។
សមត្ថកិច្ចបានប្រើប្រាស់កាណុងបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដំបង និងគ្រាប់កៅស៊ូដើម្បីបំបែកហ្វូងបាតុករ។ លោកនាយករដ្ឋមន្ត្រី Oli បានសម្តែងការសោកស្តាយចំពោះអំពើហិង្សានេះ ដោយបានទម្លាក់កំហុសទៅលើ “ក្រុមដែលមានផលប្រយោជន៍លាក់កំបាំងបានជ្រៀតជ្រែកចូល”។ លោកបានប្រកាសបង្កើតគណៈកម្មាធិការស៊ើបអង្កេត និងផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ រួមទាំងការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នករងរបួស។
ការតវ៉ានេះក៏មានជាប់ពាក់ព័ន្ធនឹងចលនា ” nepo kid” ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេប៉ាល់ ដោយចោទប្រកាន់កូនចៅរបស់មន្ត្រីនយោបាយថាបានរស់នៅយ៉ាងហ៊ឺហារពីប្រាក់ពុករលួយ។
ចំណែកឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh Lekhak បានដាក់លិខិតលាលែងពីតំណែងនៅល្ងាចថ្ងៃដដែល បន្ទាប់ពីត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងបង្រ្កាបបាតុករ។
កាលពីសប្តាហ៍មុន អាជ្ញាធរបានបញ្ជាឱ្យបិទបណ្តាញសង្គមចំនួន ២៦ ដោយសារតែមិនបានអនុវត្តតាមកាលកំណត់ចុះបញ្ជីជាមួយក្រសួងគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានរបស់នេប៉ាល់។ រដ្ឋាភិបាលនេប៉ាល់បានអះអាងថា ខ្លួនមិនបានហាមឃាត់បណ្តាញសង្គមនោះទេ ប៉ុន្តែគ្រាន់តែព្យាយាមធ្វើឱ្យវាស្របតាមច្បាប់នេប៉ាល់តែប៉ុណ្ណោះ។
សូមទស្សនាវីដេអូតាមតាមរយះលីងខាងក្រោម:

https://fb.watch/C0ZFmfqoss/

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *