លាតត្រដាងព័ត៌មានថ្មី៖ តើពន្ធនាគារ Evin ក្លាយជា “នរក” លើផែនដីដោយរបៀបណា អំឡុងពេលការវាយប្រហារ 12 ថ្ងៃរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់?

លោក Motahareh Ghuni សកម្មជននយោបាយដែលត្រូវបានឃុំឃាំងតែម្នាក់ឯងនៅពន្ធនាគារ Evin អំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល បានប្រាប់ BBC ថា “សម្រាប់ខ្ញុំ ឋាននរកមិនមែនជាពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលបានកើតឡើងនោះទេ ប៉ុន្តែនៅពេលដែលពួកគេមិនបានបើកទ្វារ [ទ្វារពន្ធនាគារ] អោយពួកយើង” ។

Ghuni ត្រូវបានចាប់ខ្លួន១០ថ្ងៃមុននេះ បន្ទាប់ពីនាងបានបង្ហោះសាររិះគន់លើបណ្តាញសង្គម X អំពីរដ្ឋាភិបាល។

នៅថ្ងៃទី 23 ខែមិថុនា ដែលជាការបញ្ចប់នៃសង្គ្រាមរយៈពេល 12 ថ្ងៃ អ៊ីស្រាអែលបានវាយប្រហារពន្ធនាគារដ៏ល្បីបំផុតមួយរបស់អ៊ីរ៉ង់គឺ ពន្ធនាគារ Evin ។

រូបភាពពីផ្កាយរណប សាក្សីអ្នកឃើញហេតុការណ៍ និងរូបភាពដែលបញ្ជាក់ដោយ BBC ផ្នែកភាសា Persian បានបង្ហាញពីព័ត៌មានលម្អិតថ្មីអំពីការវាយប្រហារ និងចំនួនអ្នកស្លាប់។

BBC ផ្នែកភាសា Persian បានផ្ទៀងផ្ទាត់អត្តសញ្ញាណ និងកាលៈទេសៈជុំវិញជនរងគ្រោះបីនាក់នៃការវាយប្រហារ រួមទាំងអ្នកទោសជនជាតិអ៊ីរ៉ង់-អាមេរិកម្នាក់ តាមរយៈការសម្ភាសន៍ជាមួយសាច់ញាតិរបស់ពួកគេ។

បច្ចុប្បន្ន មន្ត្រីអ៊ីរ៉ង់បានបញ្ចេញតែឈ្មោះ និងអត្តសញ្ញាណមន្ត្រីពន្ធនាគារដែលត្រូវបានគេសម្លាប់ប៉ុណ្ណោះ។

Evin Prison គឺជាពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់ ស្ថិតនៅភាគខាងជើងនៃទីក្រុង Tehran។ វាបានឃុំឃាំងអ្នកទោសនយោបាយរាប់ពាន់នាក់ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ តាំងពីមុនបដិវត្តន៍ឆ្នាំ 1979 រហូតដល់របបបច្ចុប្បន្ន។

នៅថ្ងៃនោះក្នុងខែមិថុនា ពន្ធនាគារ Evin បានក្លាយជាកន្លែងសម្លាប់មនុស្សច្រើនបំផុតក្នុងប្រទេសអ៊ីរ៉ង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បើប្រៀបធៀបទៅលើចំនួនជនស៊ីវិលដែលបាត់បង់ជីវិត។

អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា មនុស្ស 80 នាក់ត្រូវបានសម្លាប់ រួមទាំងមន្ត្រីពន្ធនាគារ អ្នកទោស បុគ្គលិកពេទ្យ អ្នកមកសួរសុខទុក្ខអ្នកទោស និងអ្នករស់នៅក្បែរនោះ។

របាយការណ៍ចេញផ្សាយនៅថ្ងៃទី 14 ខែសីហាដោយអង្គការសិទ្ធិមនុស្ស Human Rights Watch បានហៅការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារ Evin ថា “មិនរើសអើង និងខុសច្បាប់ និងជាឧក្រិដ្ឋកម្មសង្គ្រាមច្បាស់លាស់”។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាង មូលហេតុនៃការវាយប្រហារពន្ធនាគារ Evin របស់អ៊ីរ៉ង់ថា គឺដោយសារតែកន្លែងនេះកំពុងត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការចារកម្មប្រឆាំងនឹងអ៊ីស្រាអែល។

អ្នកទោសម្នាក់បានជួយសង្គ្រោះអ្នកយាមម្នាក់ចំពេលមានភាពវឹកវរ។

Motahareh Ghuni បានរៀបរាប់ពីពេលដែលការផ្ទុះបានបន្លឺឡើងពេញតំបន់។

“នៅពេលខ្ញុំលឺការផ្ទុះលើកទីបី ខ្ញុំប្រាកដថាគ្មានផ្លូវចេញទេ។ ខ្ញុំបានគោះទ្វារដោយអស់ពីកម្លាំងរបស់ខ្ញុំ ប៉ុន្តែវាមិនបើកទេ បន្ទាប់មកខ្ញុំគិតថា “នេះគឺជាទីបញ្ចប់នៃជីវិតរបស់អ្នក។ និយាយថាលាហើយ!”។

ដោយមានជំនួយពីអ្នកទោសម្នាក់ទៀត នាងបានរត់គេចខ្លួន ប៉ុន្តែបានប្រឈមមុខនឹងផ្សែងហុយខ្លាំង ដែលធ្វើឱ្យនាងញាក់។

គូនីពោលថា ដំបូងឡើយ ឆ្មាំបានព្យាយាមរារាំងការរត់គេចខ្លួនរបស់អ្នកទោស ដោយឆ្មាំពន្ធនាគារខ្លះថែមទាំងគំរាមពួកគេទៀតផង។

ទោះយ៉ាងណាក៏ដោយ ខណៈនោះ អ្នកទោសបានប្រញាប់ប្រញាល់ទៅរកអ្នកយាមដែលរងរបួស ដោយធ្វើឱ្យមន្ត្រីស្រីដែលភ័យស្លន់ស្លោស្ងប់ស្ងាត់ ហើយព្យាយាមជួយរុំរបួសអោយអ្នកសួរចម្លើយដែលកំពុងយំផងដែរ។ គូនីបានពណ៌នាទិដ្ឋភាពនោះថា «គួរឲ្យរន្ធត់ ប៉ុន្តែក៏ជាទិដ្ឋភាពនៃមនុស្សជាតិផងដែរ»។

អ្នកទោសផ្សេងទៀតមកចេញពីបន្ទប់អ្នកជំងឺបានប្រញាប់ប្រញាល់ទៅជួយគ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលជាប់នៅក្នុងគ្លីនិកពន្ធនាគារ។

Saedee Makarem ជាវេជ្ជបណ្ឌិតម្នាក់នៅពន្ធនាគារ Evin ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការវាយប្រហារនោះ ក្រោយមកបានសរសេរនៅលើ Instagram ថា “អ្នកទោសដែលខ្ញុំបានព្យាបាលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំ” ។

ស្ត្រីម្នាក់ទៀតដែលត្រូវបានឃុំខ្លួននៅពន្ធនាគារដែលសុំមិនបញ្ចេញឈ្មោះដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពក៏បានរៀបរាប់ពីការវាយប្រហារនេះទៅ BBC ផងដែរ។

“ដំបូងឡើយ មានការផ្ទុះជាច្រើនដងជាបន្តបន្ទាប់ ហើយសំឡេងរំខានបានអូសបន្លាយប្រហែលពីរនាទី។ យើងទាំងអស់គ្នាដេកនៅលើគ្រែ ដោយសារបង្អួចបានបែក”។ បន្ទាប់មក យើងបានស្លៀកពាក់ ហើយអ្នករាល់គ្នាបានជួយស្ត្រីចំណាស់ចុះក្រោម។ គ្មានអ្នកណាមកជួយយើងទេ។ ពួកគេបានបិទទ្វារយើង ហើយប្រាប់យើងថា យើងមិនអាចចេញបានទេ»។

ទំហំនៃការវាយប្រហារ
ការវិភាគរបស់ BBC បង្ហាញថាអ៊ីស្រាអែលបានវាយប្រហារទៅលើពន្ធនាគារ Evin ដោយកាំជ្រួចយ៉ាងតិចចំនួនប្រាំមួយគ្រាប់ ដោយបានបំផ្លាញអគារយ៉ាងតិច 28ខ្នង នៅក្នុងពន្ធនាគារ។

IDF បាននិយាយថា ខ្លួនបានអនុវត្ត “ការវាយប្រហារតាមគោលដៅ” លើអ្វីដែលត្រូវបានចាត់ទុកថាជា “និមិត្តសញ្ញានៃការគៀបសង្កត់របស់ប្រជាជនអ៊ីរ៉ង់” ហើយបានអះអាងថា ខ្លួនបានចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល។

ទោះបីជាយ៉ាងណាក៏ដោយ សាច់ញាតិរបស់អ្នកទោសនយោបាយដែលបានមកដល់ពន្ធនាគារប៉ុន្មាននាទីបន្ទាប់ពីការផ្ទុះនេះបានប្រាប់ BBC ថា “មនុស្សដែលចេញពីគុកបាននិយាយថាមានសាកសពនៅគ្រប់ទីកន្លែង។ អ្នកទោសខ្លះដែលចេញមកមិនបានព្យាយាមរត់គេចទេ ពួកគេគ្រាន់តែតក់ស្លុតចំពោះអ្វីដែលបានកើតឡើង”។

អាជ្ញាធរអ៊ីរ៉ង់និយាយថា អ្នកទោស៧៥នាក់បានរត់គេចខ្លួនចំពេលមានភាពចលាចល។ អ្នកខ្លះត្រូវបានគេចាប់យកមកវិញ ហើយអ្នកខ្លះទៀតបានត្រឡប់មកវិញដោយស្ម័គ្រចិត្តពេលក្រោយ។

អ្នកស្លាប់រួមមាន អ្នកទោស អ្នកយាម និងអ្នកទៅសួរសុខទុក្ខអ្នកទោស។
មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 80 នាក់ រួមទាំងឆ្មាំគុកចំនួន 42 នាក់ និងអ្នកទោស 5 នាក់ ដែលអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហើបអោយដឹងនោះទេ។

BBC ផ្នែកភាសា Persian អាចបញ្ជាក់បានថា Masoud Behbahani ជាពលរដ្ឋពីរសញ្ជាតិអ៊ីរ៉ង់-អាមេរិក គឺស្ថិតក្នុងចំណោមអ្នកស្លាប់។ គាត់ជាអ្នកទោសដែលត្រូវបានឃុំខ្លួនក្នុងបទចោទប្រកាន់ផ្នែកហិរញ្ញវត្ថុ។

គ្រួសាររបស់គាត់បានទទួលព័ត៌មានពាក់ព័ន្ធនឹងការបាត់បង់ជីវិត ដែលប្រទាញប្រទង់គ្នាជាមួយអាជ្ញាធរពន្ធនាគារអ៊ីរ៉ង់ ដូចជាអ្នកខ្លះអះអាងថាគាត់បានដួលក្នុងអំឡុងពេលការវាយប្រហារ ធ្វើអោយបេះដូងដើរខុសប្រក្រតី។ អ្នកផ្សេងទៀតអះអាងថា គាត់បានគាំងបេះដូងអំឡុងពេលជម្លៀសចេញ ដួលសន្លប់ ហើយក្រោយមកបានស្លាប់ដោយសារការព្យាបាលយឺត។
ប្រពន្ធរបស់គាត់បានប្រាប់ BBC ថា Arvin Mohammadi អាយុ 37 ឆ្នាំបានស្លាប់នៅក្នុងអគាររដ្ឋបាលខណៈពេលដែលកំពុងដើររឿងធានាបានការនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីឱ្យឪពុករបស់គាត់ត្រូវបានដោះលែងពីពន្ធនាគារក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារយៈពេល 12 ថ្ងៃ។

Mehrangiz Imanpour អាយុ 61 ឆ្នាំជាសិល្បករនិងជាវិចិត្រករដ៏ល្បីល្បាញដែលមានផ្ទះនៅជិត Evin Prison គឺជាអ្នករងរបួសម្នាក់ទៀតដែល BBC អាចបញ្ជាក់បាន។

Reza Khandan Mahabadi ដែលជាអ្នកនិពន្ធជនជាតិអ៊ីរ៉ង់ដ៏ល្បីម្នាក់ និងជាអតីតស្វាមីរបស់ Imanpour បានប្រាប់ BBC ថា Imanpour ត្រូវបានសម្លាប់ដោយគ្រាប់ផ្លោងនៅជិតច្រកចូលបន្ទប់សន្និសីទរបស់ពន្ធនាគារនៅភាគខាងជើងនៃពន្ធនាគារ ប៉ុន្តែសាកសពរបស់នាងត្រូវបានរកឃើញនៅខាងក្រៅពន្ធនាគារដោយសារការផ្ទុះ។

ជនរងគ្រោះផ្សេងទៀតនៃការវាយប្រហាររួមមានម្តាយក្នុងស្រុកដែលមានកូនអាយុមួយឆ្នាំ សប្បុរសជនមកសួរសុខទុក្ខដើម្បីរៀបចំការដោះលែងអ្នកទោស បុគ្គលិកសង្គមចំនួន 5 នាក់ ទាហាន 13 នាក់ និងកូនអាយុប្រាំឆ្នាំរបស់បុគ្គលិកសង្គមកិច្ច។

ក្រោយពីពន្ធនាគារ អេវិន ត្រូវបានវាយប្រហារ នៅមិនទាន់មានអ្នកណាដឹងច្បាស់ថា ជោគវាសនារបស់អ្នកទោស LGBTQ (មនុស្សស្រឡាញ់ភេទដូចគ្នា) យ៉ាងណានោះទេ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថាអ្នកទោសក្រុមនេះប្រហែល 100 នាក់ត្រូវបានសម្លាប់ ប៉ុន្តែការស៊ើបអង្កេតដោយសេវាផ្នែកភាសា Persian របស់ BBC បានរកឃើញថានេះជារឿងមិនពិត។

Reza Shahfakah មេធាវីនៅក្នុងប្រទេសអ៊ីរ៉ង់ដែលតាមដានស្ថានភាពអ្នកទោសប្តូរភេទបានប្រាប់ BBC ថា “អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺគ្មាននរណាម្នាក់ដឹងថាអ្នកទោសនៅឯណានោះទេនាពេលនេះ” ។

ហេតុអ្វីបានជា Evin Prison ត្រូវបានកំណត់គោលដៅនៃការវាយប្រហារ?
អ៊ីស្រាអែលបានចោទប្រកាន់គុកនេះថាត្រូវបានប្រើប្រាស់សម្រាប់ “ប្រតិបត្តិការស៊ើបការណ៍ប្រឆាំងនឹងអ៊ីស្រាអែល រួមទាំងការប្រឆាំងចារកម្ម” ប៉ុន្តែមិនបានឆ្លើយតបទៅនឹងសំណួររបស់ BBC អំពីអាវុធដែលបានប្រើប្រាស់ គោលដៅពិតប្រាកដ ឬការប៉ាន់ប្រមាណចំនួនជនស៊ីវិលដែលបាត់បង់ជីវិតនោះទេ។

មួយខែក្រោយការវាយប្រហារនេះ Amnesty International ដែលជាអង្គការសិទ្ធិមនុស្សបានចេញផ្សាយរបាយការណ៍ស្តីពីឧបទ្ទវហេតុនេះ។

Erica Guavara Rosas នាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវ ការតស៊ូមតិ គោលនយោបាយ និងយុទ្ធនាការរបស់អង្គការបាននិយាយថា “ការវាយប្រហារដោយផ្ទាល់លើគោលដៅជនស៊ីវិលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ការវាយប្រហារនេះមានចេតនា ដែលចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម”។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ពន្ធនាគារ Evin “មិនបម្រើគោលបំណងយោធា” ហើយថាការវាយប្រហារនេះបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។

លោក Tom Dannenbaum សាស្រ្តាចារ្យច្បាប់អន្តរជាតិនៅសាកលវិទ្យាល័យ Tufts លោកបានប្រាប់ BBC ថាផ្នែកនីមួយៗនៃពន្ធនាគារត្រូវតែវាយតម្លៃសម្រាប់ភាពពាក់ព័ន្ធរបស់យោធា ប៉ុន្តែក៏បានបញ្ជាក់ផងដែរថា ផ្អែកលើព័ត៌មានបច្ចុប្បន្ន អ្នកស្លាប់ទាំងអស់សុទ្ធតែជាជនស៊ីវិល រួមទាំងឆ្មាំ អ្នកទោស អ្នកមកសួរសុខទុក្ខអ្នកទោស ព្រមទាំងអ្នកស្រុកនៅក្បែរនោះ។

តើវាសនាអ្នកទោសក្រោយការវាយប្រហារក្នុងគុកមានវាសនាយ៉ាងណា?
ក្រោយពន្ធនាគារនេះត្រូវអ៊ីស្រាអែលវាយប្រហារ ធ្វើអោយមានការជម្លៀសចេញ ពីអគារទាំងនេះជាលើកដំបូង។

ក្រោយមក កម្លាំងសន្តិសុខជាច្រើនត្រូវបានដាក់ពង្រាយទៅកាន់ពន្ធនាគារ។ អ្នកទោស រួមទាំងអ្នកប្រឆាំងនយោបាយ បានប្រាប់ BBC ថា ពួកគេត្រូវបានផ្លាស់ប្តូរ ទៅកាន់កន្លែងផ្សេងទៀត ដោយហិង្សា។ ឆ្មាំបានបង្ខំពួកគេឱ្យពាក់ខ្នោះដៃ និងច្រវ៉ាក់ជើង។

អ្នកទោសស្រីត្រូវបានបញ្ជូនទៅពន្ធនាគារ Karshak ចំណែកអ្នកទោសប្រុសត្រូវបានបញ្ជូនទៅពន្ធនាគារ Tehran Bozorg (Fashafuyeh) ដែលមានទីតាំងនៅវាលខ្សាច់ភាគខាងត្បូងនៃទីក្រុង Tehran ។

៤៥ថ្ងៃបន្ទាប់ពីការវាយប្រហារ ក្រសួងយុត្តិធម៌អ៊ីរ៉ង់បានប្រកាសពីការបញ្ជូនអ្នកទោសទៅកាន់ពន្ធនាគារ Evin វិញ ចំពេលមានការចោទប្រកាន់ពីអ្នកទោស និងអង្គការសិទ្ធិមនុស្សថា អ្នកទោសនយោបាយប្រឈមមុខនឹងការប្រព្រឹត្តអំពើហឹង្សា និងអមនុស្សធម៌។

អ្នកទោសខ្លះបានប្រាប់ BBC ថា ពួកគេត្រូវបានបញ្ជាឱ្យពាក់ខ្នោះដៃ និងច្រវ៉ាក់ជើង។ ប្រសិនបើពួកគេមិនព្រមទេ ពួកគេត្រូវបានអ្នកយាមព័ទ្ធចាប់ បង្ខំឱ្យចេញពីយានជំនិះ និងវាយដំលើរាងកាយ។ អ្នកទោសវ័យចំណាស់បានរងរបួស ហើយខ្លះត្រូវបានដាក់ខ្នោះដៃពេលដេកនៅតាមផ្លូវ។

មន្ត្រីតុលាការអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់ថា អ្នកទោសត្រូវបានវាយដំលើរាងកាយ ឬដាក់ខ្នោះដៃ និងច្រវ៉ាក់ជើង។

អ្នកទោសខ្លះបានចោទប្រកាន់ថា អំពើឃោរឃៅបែបនេះបានកើតឡើងទាំងក្នុងអំឡុងពេលជម្លៀស និងបន្ទាប់ពីត្រូវបានត្រឡប់ទៅពន្ធនាគារ Evin ដោយបានកំណត់គោលដៅអ្នកដែលទោះបីជាមានឱកាសច្រើនបំផុតក្នុងការរត់គេចខ្លួនក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែមិនបានជ្រើសរើសភៀសខ្លួននោះទេ ហើយជំនួសមកវិញដោយប្រញាប់ប្រញាល់ទៅរកជំនួយពីអ្នកដែលជាប់នៅក្រោមគំនរបាក់បែក។

BBC ផ្នែកភាសា Persian ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមន្ត្រីអ៊ីរ៉ង់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ ឬសម្ភាសន៍ជាមួយ BBC នោះទេ។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *