លោក គីម ជុងអ៊ុន បញ្ជូនទាហានកូរ៉េខាងជើង រាប់ម៉ឺននាក់ទៅជួយមហាមិត្តរុស្ស៊ី ប្រយុទ្ធក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយជាលទ្ធផលទាហានកូរ៉េខាងជើង ជាច្រើនត្រូវពលី និងរបួស

ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមជាអធិបតីក្នុងពិធីទទួលសាកសព និងគោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើង ដែលបានពលីជីវិតក្នុងបេសកកម្មប្រកៀកស្មាជាមួយមហាមិត្តរុស្ស៊ី ប្រយុទ្ធក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយបានសរសើរទាហានទាំងនោះថាជាវីរកងទ័ព ហើយបានឱបកូនៗរបស់ទាហានដែលបានពលីជិវិតក្នុងទឹកមុខស្រពាប់ស្រពោន ដើម្បីលួងចិត្ត និងលើកទឹកចិត្តពួកគេ។ នេះបើយោងតាមវីដេអូឃ្លីបដែលត្រូវបានបង្ហោះចែកចាយ និងត្រូវសារព័ត៌មានអន្តរជាតិយកមកផ្សាយព្រោងព្រាតកាលពីពេលថ្មីៗនេះ។

យោងតាមសារព័ត៌មានមាន Business Insider ចុះផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា ទាហានកូរ៉េខាងជើង ចន្លោះពីប្រមាណ ១ម៉ឺននាក់ ទៅ ១ម៉ឺន ២ពាន់នាក់ ត្រូវបានបញ្ជូនឱ្យទៅជួយគាំទ្រដល់មហាមិត្តរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយកងទ័ពកូរ៉េខាងជើង បន្ថែមទៀតត្រូវបានបញ្ជូនតាមក្រោយជាបន្តបន្ទាប់។

ទីភ្នាក់ងារជាតិស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង (NIS) ឱ្យដឹងថា ទាហានកូរ៉េខាងជើង ប្រមាណ ៤ពាន់ ៧០០នាក់បានស្លាប់ និងរងរបួស ហើយទាហានរបួសប្រមាណ ២ពាន់នាក់ត្រូវបានបញ្ជូនត្រលប់មកវិញនៅចន្លោះពីខែមករា ដល់ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP News កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ទន្ទឹមនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បាននិយាយថា ទាហានកូរ៉េខាងជើង ជាង ៣ពាន់នាក់ ត្រូវបានសម្លាប់ ឬ របួសនៅក្នុងតំបន់ Kurst របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News និង Al Jazeera។

ក្នុងពេលជាមួយគ្នានេះ ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងថា ទាហានកូរ៉េខាងជើង ជាង ៥ ពាន់នាក់បានស្លាប់ ឬ របួស ដោយគូសបញ្ជាក់ថា ស្ទើរតែ ១ ភាគ ៣ នៃកងកម្លាំងកូរ៉េខាងជើង បានពលីជីវិត។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Korea Joongang Daily៕

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *