អឺរ៉ុប ភ្នែកនៅកញ្ចឹងក ក្រោយរុស្ស៊ី បង្អួតសម្ញែងការដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង Oreshnik អាចបាញ់បានចម្ងាយ ៥.៥០០ គីឡូម៉ែត្រ នៅប្រទេសបេឡារូស ដែលជាប់ព្រំប្រទល់អឺរ៉ុប។

ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចេញវីដេអូមួយដែលបង្អួតសម្ញែញការដាក់ពង្រាយប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងប្រភេទ Oreshnik នៅក្នុងប្រទេសបេឡារូស។ ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះមានគោលដៅបង្កើនសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការវាយប្រហារគោលដៅនានានៅទូទាំងតំបន់អឺរ៉ុប បានកាន់តែរហ័ស ក្នុងករណីមានសង្រ្គាមផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ធ្នូ ឆ្នាំ២០២៥ នេះ។
ស្ដេចខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀរ ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ី បានអួតថា មីស៊ីល Oreshnik ដែលមានល្បឿនលឿនជាងសំឡេងរហូតដល់ ១០ ដងនេះ គឺជាអាវុធដ៏អស្ចារ្យដែលប្រព័ន្ធការពាររបស់លោកខាងលិច មិនអាចស្ទាក់ចាប់បាន។ ការដាក់ពង្រាយនេះធ្វើឡើងនៅក្នុងប្រទេសបេឡារូស ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន និងបណ្ដាប្រទេសជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO ដូចជាប្រទេសប៉ូឡូញ ប្រទេសលីទុយអានី និងប្រទេសឡាតវី ជាដើម។
ដ្បិតវីដេអូខាងលើនេះមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ ក៏អ្នកស្រាវជ្រាវអាមេរិក បានប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីកំណត់អត្តសញ្ញាណទីតាំងនោះថា ជាមូលដ្ឋានទ័ពអាកាស Krichev-6 ដែលត្រូវបានបោះបង់ចោលកាលពីមុន។ អ្នកជំនាញយល់ថា នេះគឺជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំង ក្នុងការប្រើប្រាស់ការគំរាមកំហែងនុយក្លេអ៊ែរ ដើម្បីរារាំងប្រទេសសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO មិនឲ្យផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។
ហើយមន្ត្រីយោធារុស្ស៊ី បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង Oreshnik ត្រូវបានដាក់ពង្រាយសម្រាប់ការត្រៀមប្រយុទ្ធជាផ្លូវការ។
ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko ធ្លាប់បានលើកឡើងថា ប្រព័ន្ធមីស៊ីល Oreshnik មិនតិចជាង១២ គ្រឿងនោះឡើយនឹងត្រូវដាក់ពង្រាយក្នុងប្រទេសរបស់លោក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជា «សកម្មភាពឈ្លានពាន» ពីសំណាក់លោកខាងលិច។
ក្រុមមន្ត្រីលោកខាងលិច នៅតែបង្ហាញមន្ទិលសង្ស័យអានុភាពបំផ្លិចបំផ្លាញនៃប្រព័ន្ធមីស៊ីល Oreshnik ដោយចាត់ទុកថា វាគ្រាន់តែជាការរីកចម្រើនផ្នែកបច្ចេកទេស ប៉ុន្តែមិនទាន់ដល់ថ្នាក់ក្លាយជាចំណុចរបត់ដ៏សំខាន់នៅក្នុងសមរភូមិនៅឡើយទេ។
សូមបញ្ជាក់ថា តាមការអះអាងរបស់រុស្ស៊ី ឱ្យដឹងថា មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង Oreshnik អាចបាញ់បានចម្ងាយរហូតដល់ទៅ ៥.៥០០ គីឡូម៉ែត្រ ពោលគឺអាចបាញ់ចេញពីប្រទេសរុស្ស៊ី ធ្លាយដល់អឺរ៉ុប និងផ្នែកខ្លះនៃទឹកដីសហរដ្ឋអាមេរិក៕
