ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម Agni-5 ដោយជោគជ័យ

រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីថ្ងៃទី 20 ខែសីហាថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចរយៈចម្ងាយមធ្យម Agni-5 ដែលនៅពេលដំណើរការពេញលេញ នឹងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចបាញ់បានគ្របដណ្តប់ទូទាំងប្រទេសចិន។

ការធ្វើតេស្តនេះធ្វើឡើងនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា មីស៊ីលនេះ “បានឆ្លងកាត់ការផ្ទៀងផ្ទាត់ប្រតិបត្តិការ និងបច្ចេកទេសទាំងអស់រួចរាល់ហើយ”។

ប្រទេសឥណ្ឌា និងចិន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក នៅតែជាគូប្រជែងដ៏សំខាន់ដែលកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅអាស៊ីខាងត្បូង។ ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ 2020 បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏ធ្ងន់ធ្ងរ។

ឥណ្ឌាក៏ជាសមាជិកនៃសម្ព័ន្ធសន្តិសុខ Quad រួមជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ដែលត្រូវបានគេមើលឃើញថាជាការប្រឆាំងនឹងប្រទេសចិន។

ប្រទេសប៉ាគីស្ថាន ដែលជាសត្រូវដ៏យូរលង់របស់ឥណ្ឌា ក៏មានអាវុធនុយក្លេអ៊ែរផងដែរ។

ចំពេលភាពប្រែប្រួលនៃពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយដែលកើតចេញពីសង្គ្រាមពន្ធដាររបស់ប្រធានាធិបតី Donald Trump ឥណ្ឌា និងចិនបាននិងកំពុងធ្វើការដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ។ កាលពីខែតុលាឆ្នាំមុន នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបជាមួយប្រធានាធិបតីចិន Xi Jinping ជាលើកដំបូងក្នុងរយៈពេល 5 ឆ្នាំក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅប្រទេសរុស្ស៊ី។ នៅចុងខែនេះ លោក Modi គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូងចាប់តាំងពីឆ្នាំ 2018 ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងរវាងឥណ្ឌា និងសហរដ្ឋអាមេរិកមានភាពតានតឹង បន្ទាប់ពីរដ្ឋបាល Trump បានចេញថ្ងៃកំណត់សម្រាប់ឥណ្ឌាក្នុងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដែលជាប្រភពចំណូលសំខាន់របស់រុស្ស៊ីចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។ ការខកខានមិនបានអនុវត្តតាមនឹងនាំឱ្យសហរដ្ឋអាមេរិកដំឡើងពន្ធនាំចូលពី 25% ទៅ 50% ត្រឹមថ្ងៃទី 27 ខែសីហានេះ។

កាំជ្រួច Agni-5 គឺជាផ្នែកមួយនៃកម្មវិធីផលិតអាវុធក្នុងស្រុករបស់ឥណ្ឌា ក្នុងគោលបំណងពង្រឹងសមត្ថភាពសន្តិសុខរបស់ខ្លួន ដើម្បីទប់ទល់ទាំងចិន និងប៉ាគីស្ថាន។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត
ប្រភព៖ AFP

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *