សោកនាដកម្មនៅនេប៉ាល់ ភរិយាអតីតនាយករដ្ឋមន្ត្រីស្លាប់ក្នុងហេតុការណ៍ដុតផ្ទះ ខណៈចំនួនអ្នកស្លាប់កើនដល់ ២២ នាក់

តាមប្រភពសារព័ត៌មាន Indiatoday បានផ្សាយកាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ថា ស្ថានភាពនៅប្រទេសនេប៉ាល់បានកើនឡើងដល់កម្រិតដ៏តានតឹងបំផុត បន្ទាប់ពីមានសេចក្ដីរាយការណ៍ដ៏គួរឲ្យសោកស្ដាយថា លោកស្រី Rabi Lakshmi Chitrakar ភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោក Jhalanath Khanal បានស្លាប់ដោយសាររលាកភ្លើងយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមបាតុករបានសម្រុកចូល និងដុតផ្ទះរបស់លោកស្រីនៅសង្កាត់ Dallu ក្នុងរដ្ឋធានីកាត់ម៉ាន់ឌូ។
ក្រុមបាតុករបានបង្ខំអូសលោកស្រី Lakshmi Chitrakar ចូលទៅក្នុងផ្ទះវិញ មុននឹងដុតបំផ្លាញ។ ទោះបីជាលោកស្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលអ្នករលាកភ្លើង Kirtipur ជាបន្ទាន់ក៏ដោយ ក៏ជីវិតរបស់លោកស្រីមិនអាចសង្គ្រោះបានឡើយ។
ហេតុការណ៍វាយប្រហារដ៏សាហាវនេះបានកើតឡើងនៅចំកណ្តាលបាតុកម្មដ៏ធំដែលដឹកនាំដោយយុវជន Gen Z ដែលបានអូសបន្លាយជាច្រើនថ្ងៃ។ ទោះបីជារដ្ឋាភិបាលបានប្រកាសលុបចោលការហាមឃាត់បណ្តាញសង្គម និងនាយករដ្ឋមន្ត្រី លោក K.P. Sharma Oli បានប្រកាសលាលែងពីតំណែងក៏ដោយ ក៏កំហឹងរបស់ប្រជាពលរដ្ឋនៅតែបន្តផ្ទុះឡើងខ្លាំង។ របាយការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២នាក់ និងអ្នករងរបួសមានជាង ៣០០នាក់។
ការវាយប្រហារលើមន្ត្រីរដ្ឋាភិបាល និងការបះបោរទូទាំងប្រទេស
ភាពចលាចលនេះបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីតាំងនយោបាយ និងរដ្ឋាភិបាលជាច្រើនកន្លែង ដោយមានការដុតបំផ្លាញអគារ Singh Durbar ដែលជាមជ្ឈមណ្ឌលរដ្ឋបាលក្នុងរដ្ឋធានីកាត់ម៉ាន់ឌូ, ការបំផ្លាញវិមានរដ្ឋាភិបាល និងការដុតបំផ្លាញផ្ទះរបស់ប្រធានាធិបតី លោក Ram Chandra Paudel នាយករដ្ឋមន្ត្រី លោក Oli និងអតីតនាយករដ្ឋមន្ត្រីជាច្រើនរូបទៀត។
ក្នុងហេតុការណ៍វាយប្រហារលើផ្ទះរបស់លោក Deva អតីតរដ្ឋមន្ត្រីការបរទេស និងភរិយារបស់លោកស្រី Arsu Rana Deva ក៏ត្រូវបានក្រុមបាតុករវាយប្រហារផងដែរ។ ជាមួយគ្នានោះ ទីស្នាក់ការគណបក្សនយោបាយជាច្រើនក៏បានក្លាយជាគោលដៅនៃការវាយប្រហារផងដែរ។
យោងតាមប្រភពពីកងទ័ពដែលត្រូវបានស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មុនពេលលោក Oli សម្រេចចិត្តលាលែងពីតំណែង លោកបានពិភាក្សាជាមួយមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ Ashok Raj Sigdel ដើម្បីស្នើសុំការគាំទ្រផ្នែកយោធាក្នុងការគ្រប់គ្រងភាពវឹកវរ និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ប៉ុន្តែមេបញ្ជាការកងទ័ពបានណែនាំលោកឲ្យលាលែងវិញ ដោយសង្កត់ធ្ងន់ថា កងទ័ពអាចចូលមករក្សាសន្តិភាពបានលុះត្រាតែលោក Oli សុខចិត្តលះបង់អំណាច។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *