លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងក្រោយបែកធ្លាយសារសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានបាននិយាយទាំងអារម្មណ៍ក្ដុកក្ដួលហួសបរិយាថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រី និងត្រូវជាឪពុកបង្កើតរបស់លោកស្រី បានកសាងប្រវត្តិសាស្ត្រច្រើនណាស់សម្រាប់ជាតិមាតុភូមិ ប៉ុន្តែគាត់បែរជាក្លាយជានាយករដ្ឋមន្ត្រីថៃ ទី១ ដែលត្រូវជាប់ពន្ធនាគារទៅវិញ។
លោកស្រី ផៃថងថាន បានរៀបរាប់ថា លោក អានុធិន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថ្មីទី៣២ របស់ថៃ ដែលទើបស្នងតំណែងបន្តពីលោកស្រីបានប្រាប់ឱ្យលោក ថាក់ស៊ីន ឪពុករបស់លោកស្រីត្រលប់ចូលប្រទេសថៃ វិញដោយធានាសុវត្ថិភាពរបស់លោក ព្រោះពេលនេះលោក អានុធិន ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីមហាផៃ្ទផង បើប៉ូលិសមិនចាប់ខ្លួនលោក ថាក់ស៊ីន តើនរណាហ៊ានចាប់?
ដោយទទួលបានការបើកភ្លើងខៀវ និងការធានាអះអាងពីលោក អានុធិន ឆានវីរៈគុល ដែលជានាយករដ្ឋមន្ត្រីថ្មី លោក ថាក់ស៊ីន ក៏បានសម្រេចចិត្តហោះចូលប្រទេសថៃ វិញនៅថ្ងៃទី៨ ខែកញ្ញា ហើយក៏ត្រូវបានចាប់ខ្លួន និងត្រូវរតុលាការកំពូលថៃ ផ្ដន្ទាទោសកាលពីថ្ងៃទី៩ ខែកញ្ញា ឱ្យជាប់ពន្ធនាគារមួយឆ្នាំក្នុងសំណុំរឿងពាក់ព័ន្ធនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ VIP ជំនួសឱ្យការជាប់ពន្ធនាគារ ក្រោយរូបលោកត្រលប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។
គួររំឭកថា លោក ថាក់ស៊ីន បានវេចបង្វិចដាក់មេប្រូចឡើងយន្តហោះឯកជនចាកចេញពីប្រទេសថៃ យ៉ាងតក់ក្រហល់ទៅកាន់ប្រទេសសិង្ហបុរី និងប្ដូរទិសដៅទៅកាន់ទីក្រុងឌូបៃ គួរឱ្យភ្ញាក់ផ្អើលកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា មួយថ្ងៃមុនសភាថៃ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅរសៀលថ្ងៃសុក្រ ទី៥ ខែកញ្ញា ដែលជាលទ្ធផលលោក អានុធិន ឆានវីរៈគុល បានជាប់ជានាយករដ្ឋមន្ត្រីថ្មី និងត្រឹមតែ ៥ ថ្ងៃមុនការសម្រេចរបស់តុលាការដែលអាចផ្តន្ទាទោសលោក ថាក់ស៊ីន ឱ្យជាប់ពន្ធនាគារជាថ្មី។
លោក ថាក់ស៊ីន បាននិយាយកាលពីថ្ងៃទី៩ ខែកញ្ញា ជាថ្ងៃដែលលោកត្រូវបានកាត់ទោសដាក់ពន្ធនាគារថា ពេញមួយអាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ លោកបានខិតខំជំរុញរាល់គោលនយោបាយឆ្ពោះទៅមុខ ដើម្បីលើកកម្កស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់ប្រទេសថៃ ដោយអនុញ្ញាតឱ្យគណបក្សនយោបាយអាចប្រកួតប្រជែងគ្នាដោយបើកចំហផ្អែកលើគោលនយោបាយ។ លោកបានបន្ថែមទៀតថា លោកមានគោលបំណងបង្កើត “លទ្ធិប្រជាធិបតេយ្យជាក់ស្តែង” តាមរយៈសមិទ្ធផលជាក់ស្តែងរបស់រដ្ឋាភិបាលដែលជាមោទកភាពបំផុតរបស់លោកក្នុងនាមជាអ្នកនយោបាយដែលត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើស។
សូមបញ្ជាក់ថា លោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃ វិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល ១៥ ឆ្នាំ។ ពេលត្រលប់មកដល់ថៃ លោកត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ ៨ ឆ្នាំពីបទទំនាស់ផលប្រយោជន៍ និងបទរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយកនៅត្រឹម ១ ឆ្នាំ។ ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយលោកបានសម្រាកព្យាបាលដល់ទៅ ៦ ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕
សូមទស្សនាវីដេអូតាមរយះលីងខាងក្រោម:
https://www.facebook.com/61566470695550/videos/1334877858067424/?__tn__=%2CO-R
