រដ្ឋាភិបាលអង់គ្លេសបានប្រកាសដកលោក Peter Mandelson អតីតអ្នកនយោបាយវ័យ ៧១ ឆ្នាំ និងជាឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន ចេញពីតំណែង បន្ទាប់ពីរកឃើញថា លោកមានជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋជនផ្លូវភេទដ៏ល្បីឈ្មោះ គឺ លោក Jeffrey Epstein។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអង់គ្លេសបានបញ្ជាក់ថា អ៊ីមែល និងការទំនាក់ទំនងជាច្រើនបានបង្ហាញពី “ទំនាក់ទំនងដែលស៊ីជម្រៅ និងហួសពីដែនកំណត់” រវាងលោក Mandelson និងលោក Epstein ដែលជាអ្នកហិរញ្ញវត្ថុដែលមានរឿងអាស្រូវច្រើន និងជាឧក្រិដ្ឋជនផ្លូវភេទ។
រដ្ឋាភិបាលអង់គ្លេសបានលើកឡើងពីអ៊ីមែលមួយដែលលោក Mandelson បានផ្ញើទៅលោក Epstein កាលពីឆ្នាំ ២០០៨ ដោយក្នុងនោះលោកបានសម្តែងការសោកស្តាយចំពោះការដែលលោក Epstein ត្រូវបានកាត់ទោសពីបទល្បួងអនីតិជនដើម្បីរួមភេទ ហើយថែមទាំងបានផ្តល់ដំបូន្មានផ្នែកច្បាប់ដល់លោក Epstein ទៀតផង។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ដំបូន្មានរបស់លោក Mandelson ចំពោះការកាត់ទោសលោក Epstein គឺមិនត្រឹមត្រូវ ហើយជាព័ត៌មានថ្មី។ ដូច្នេះ ដោយពិចារណាលើបញ្ហានេះ និងយល់អំពីជនរងគ្រោះរបស់លោក Epstein លោក Mandelson ត្រូវបានដកចេញពីតំណែងជាឯកអគ្គរដ្ឋទូតភ្លាមៗ”។
លោក Jeffrey Epstein ជាអតីតអ្នកហិរញ្ញវត្ថុដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលមានកោះឯកជនមួយ ហើយត្រូវបានលាតត្រដាងថា ជាកន្លែងសម្រាប់ជួញដូរមនុស្ស និងពេស្យាចារ។ លោកបានបញ្ចប់ជីវិតនៅក្នុងពន្ធនាគារនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ២០១៩ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្សដើម្បីធ្វើពេស្យាចារ។ លោកត្រូវបានគេចោទប្រកាន់ថា បានរំលោភបំពានលើនារីៗ និងក្មេងស្រីអនីតិជន ហើយបានបញ្ជូនពួកគេទៅឱ្យមិត្តភក្តិ មហាសេដ្ឋីល្បីៗ រួមទាំងសមាជិកគ្រួសាររាជវង្សអង់គ្លេសផងដែរ។
ករណីចុងក្រោយបំផុត លោក ប្រធានាធិបតី Donald Trump ក៏ត្រូវបានគេលាតត្រដាងថា មានការផ្ញើសារនៅលើរូបភាពអាក្រាតកាយនារីដើម្បីអបអរសាទរខួបកំណើតលោក Epstein កាលពីឆ្នាំ ២០០៣ ជាមួយហត្ថលេខាផងដែរ ប៉ុន្តែទាំងសេតវិមាន និងលោក Trump បានអះអាងថា នោះមិនមែនជាហត្ថលេខារបស់លោកទេ។ យ៉ាងណាមិញ លោក Epstein បានស្លាប់នៅក្នុងពន្ធនាគារក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំដែលលោក Trump កំពុងកាន់តំណែងជាប្រធានាធិបតីអាណត្តិទីមួយ។
