ទឹកជំនន់ភ្លាមៗបោកបក់លើកោះបាលី ក្រោយភ្លៀងធ្លាក់ខ្លាំង ស្លាប់យ៉ាងតិច ១៩នាក់

នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ អាជ្ញាធរឥណ្ឌូនេស៊ីកំពុងបង្កើនការងារជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួនពីហេតុការណ៍ទឹកជំនន់ភ្លាមៗ និងការបាក់ដី នៅលើកោះបាលី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា។ របាយការណ៍បឋមបានឱ្យដឹងថា គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៩នាក់ស្លាប់ ផ្ទះសម្បែងរាប់រយខ្នងបានរងការខូចខាត ហើយផ្លូវថ្នល់ និងស្ពានជាច្រើនត្រូវកាត់ផ្តាច់។
យោងតាមការចុះផ្សាយព័ត៌មានអន្តរជាតិបានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់នេះកើតឡើងក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃអង្គារ ទី៩ ខែកញ្ញា និងថ្ងៃពុធ ទី១០ ខែកញ្ញា ដែលបានបង្កជាទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅតំបន់ជាច្រើននៃកោះបាលី។ នេះត្រូវបានគេចាត់ទុកថាជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ស្ថានីយឧតុនិយមបានវាស់វែងបរិមាណទឹកភ្លៀងបានជាង ២៨៥មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។ ផ្លូវថ្នល់ក្នុងទីក្រុងដេនប៉ាសារ ដែលជារដ្ឋធានីនៃកោះបាលី បានប្រែក្លាយទៅជាស្ទឹងដែលពោរពេញដោយសំរាម និងរថយន្តជាច្រើនគ្រឿងបានលិចត្រឹមពាក់កណ្តាល។
របាយការណ៍ចុងក្រោយបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះបានកើនឡើងដល់ ១៩នាក់ ដោយក្នុងនោះ ១៤នាក់បានស្លាប់នៅលើកោះបាលី និង ៥នាក់ទៀតនៅខេត្តនូសា តេងការ៉ា ខាងកើត លើកោះហ្វ្លូរ៉េស។ លើសពីនេះ នៅមានមនុស្ស ២នាក់ទៀតនៅមិនទាន់រកឃើញ។ ស្ថានភាពបច្ចុប្បន្នចាប់ផ្តើមធូរស្រាលវិញហើយ ដោយកម្រិតទឹកជំនន់បានថយចុះ ប៉ុន្តែតំបន់រងគ្រោះនៅតែស្ថិតក្រោមការប្រកាសអាសន្នពីអាកាសធាតុអាក្រក់។
ប្រតិបត្តិការជម្លៀសបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីហេតុការណ៍បានកើតឡើង ដោយប្រជាពលរដ្ឋជាង ៥០០នាក់នៅលើកោះបាលីត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេទៅជ្រកកោននៅតាមសាលារៀន និងវិហារឥស្លាម។ ផ្ទះសម្បែងជាច្រើនខ្នងនិងទ្រព្យសម្បត្តិត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយស្ពានយ៉ាងតិច ២កន្លែងបានបាក់។ អាជ្ញាធរមូលដ្ឋានបានប្រកាសដាក់បទបញ្ជាគ្រាអាសន្នរយៈពេល ១សប្តាហ៍។
កត្តាមួយដែលធ្វើឱ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ គឺបញ្ហានៃការគ្រប់គ្រងសំរាម និងហេដ្ឋារចនាសម្ព័ន្ធអន់ថយដែលមានជាយូរមកហើយនៅកោះបាលី។ នៅតំបន់ខ្លះ សំរាមបានកកស្ទះនៅតាមលូបង្ហូរទឹក ដែលធ្វើឱ្យការរំដោះទឹកចេញមានការលំបាក។ បច្ចុប្បន្នកោះបាលីនៅតែស្ថិតក្រោមការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ ទោះបីជាការព្យាករណ៍រំពឹងថាភ្លៀងនឹងធ្លាក់តិចជាងមុននៅទូទាំងកោះក៏ដោយ។
គ្រោះមហន្តរាយទឹកជំនន់និងការបាក់ដី គឺជាបាតុភូតធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសក្នុងរដូវវស្សា ប៉ុន្តែការប្រែប្រួលអាកាសធាតុបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ក្រុមសកម្មជនបានលើកឡើងថា គ្រោះមហន្តរាយចុងក្រោយនេះ គឺជាការរំលឹកមួយថាវិបត្តិក្លិនអាកាសធាតុគឺជាការគំរាមកំហែងបន្ទាន់ ដែលមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ត្រូវតែចាត់វិធានការដោះស្រាយជាបន្ទាន់។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *