យោធាមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត ខណៈមេដឹកនាំកំពូលត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាប្រធានាធិបតី

រដ្ឋធានីណៃពិដោរ៖ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ទីភ្នាក់ងារសារព័ត៌មាន Irrawaddy បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានសម្រេចចិត្តរៀបចំការបោះឆ្នោតទូទៅនៅចុងឆ្នាំនេះ ខណៈដែលផែនការនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់មេដឹកនាំកំពូលរបស់ខ្លួនឲ្យក្លាយជាប្រធានាធិបតី។ ព័ត៌មាននេះត្រូវបានប្រភពពីកងទ័ពបញ្ជាក់បន្ថែមថា ឧត្តមសេនីយ៍ត្រីយ៉ាងតិច ៦ រូបនឹងឈរឈ្មោះជាបេក្ខជនក្នុងនាមគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍ (USDP) ដែលជាគណបក្សសម្ព័ន្ធរបស់កងទ័ព។
ក្នុងចំណោមបេក្ខជនសំខាន់ៗទាំងនោះ រួមមាន ឧត្តមសេនីយ៍ត្រី Thet Sa Zaw, So Thint Nyeing, Thet Pon, Pon Myat, Lin Aung និង Kan Myint ព្រមទាំងអតីតយោធាម្នាក់ដែលជិតស្និទ្ធនឹងឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing គឺ ឧត្តមសេនីយ៍ Aung Lin Htay ដែលទើបនឹងចូលនិវត្តន៍កាលពីខែមុន។ បន្ថែមពីនេះទៀត មានអតីតយោធា និងមន្ត្រីយោធាចំនួន ៣០ នាក់ទៀតដែលត្រូវបានគេរំពឹងថានឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះផងដែរ។ ភាគច្រើននៃពួកគេនឹងឈរឈ្មោះក្នុងតំបន់ដែលមានសុវត្ថិភាពដូចជា ទីក្រុងណៃពិដោរ និងតំបន់យោធាដែលមានសន្លឹកឆ្នោតជាមូលដ្ឋាន។

ទន្ទឹមនឹងនោះដែរ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនមិនអាចរៀបចំការបោះឆ្នោតនៅក្នុងទីក្រុងចំនួនបីនៃរដ្ឋការ៉ែនបានទេ ដោយសារតែមានការរារាំងពីក្រុមប្រឆាំង។ អ្នកនាំពាក្យយោធាបានបញ្ជាក់ថា ទីក្រុង Pa Saung, Shadaw និង Mae Sae ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជនជាតិការ៉ែន ដែលកំពុងព្យាយាមរារាំងរាល់ទម្រង់នៃការបោះឆ្នោតទាំងអស់។
កងទ័ពជនជាតិការ៉ែនបានដណ្តើមបានទីក្រុង Shadaw កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ និងទីក្រុង Mae Sae កាលពីខែមិថុនា ឆ្នាំ ២០២៣ រួមទាំងជំរុំកងវរសេនាតូចទី ១៣៤ នៅទីក្រុង Pa Saung ផងដែរ កាលពីខែមិថុនា ឆ្នាំ ២០២៥។ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើងក្នុងតំបន់ផ្សេងទៀតនៃរដ្ឋការ៉ែន ការបោះឆ្នោតទូទៅនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ដែលគ្របដណ្តប់ ១០២ ក្រុងទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្ន មានគណបក្សនយោបាយតែ ៥៧ ប៉ុណ្ណោះដែលបានចុះឈ្មោះប្រកួតប្រជែង ដែលភាគច្រើនជាគណបក្សតូចៗ ឬគណបក្សដែលគាំទ្រដោយយោធា។

អ្នកវិភាគនយោបាយយល់ថា គោលដៅចុងក្រោយរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing គឺការក្លាយជាប្រធានាធិបតីតាមរយៈការបោះឆ្នោតនៅក្នុងសភាដោយមានការគាំទ្រពីកូតាយោធា និងគណបក្ស USDP។ ប៉ុន្តែភាគច្រើននៃប្រជាជនមីយ៉ាន់ម៉ានៅតែយល់ឃើញថាការបោះឆ្នោតនេះគ្រាន់តែជាល្បិចដើម្បីពន្យារអំណាចផ្តាច់ការ និងបង្កើតភាពស្របច្បាប់នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ បន្ទាប់ពីគណបក្ស USDP បានបរាជ័យយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៥ និង ២០២០ ទៅឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi វិញ។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *