លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានផ្លាស់ប្ដូរជំហររបស់លោកម្ដងទៀតលើសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelenskyy)។ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានសម្ដែងជំនឿថា អ៊ុយក្រែនប្រហែលជាអាចដណ្ដើមយកទឹកដីទាំងអស់មកវិញបាន ហើយថាសង្គ្រាមនេះបានធ្វើឱ្យរុស្ស៊ីមើលទៅដូចជា «ខ្លាក្រដាស» (paper tiger)។
ការផ្លាស់ប្ដូរជំហររបស់លោក ត្រាំ នេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយលោក សេលេនស្គី នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក។ មុននេះ លោកធ្លាប់មានគោលជំហរចង់ឱ្យសង្គ្រាមបញ្ចប់ ទោះបីអ៊ុយក្រែនត្រូវលះបង់ទឹកដីមួយចំនួនក៏ដោយ។
នៅក្នុងសាររបស់លោក លោក ត្រាំ បានបញ្ជាក់ថា៖ «បន្ទាប់ពីបានដឹងនិងយល់ច្បាស់ពីស្ថានភាពយោធានិងសេដ្ឋកិច្ចរបស់អ៊ុយក្រែននិងរុស្ស៊ី ហើយបានឃើញពីបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតឡើងចំពោះរុស្ស៊ី ខ្ញុំគិតថាអ៊ុយក្រែនដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប គឺស្ថិតក្នុងស្ថានភាពមួយដែលអាចតស៊ូនិងដណ្ដើមយកទឹកដីដើមមកវិញបានទាំងអស់។ ដោយមានពេលវេលា ភាពអត់ធ្មត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីអឺរ៉ុប ជាពិសេសអង្គការណាតូ ការទទួលបានព្រំដែនដើមនៅពេលដែលសង្គ្រាមនេះចាប់ផ្ដើមឡើង គឺជាជម្រើសមួយដែលអាចទៅរួច»។
លោកបានបន្តថា៖ «ហេតុអ្វីបានជាមិនអាច? រុស្ស៊ីបានតស៊ូយ៉ាងគ្មានគោលដៅអស់រយៈពេល ៣ ឆ្នាំកន្លះក្នុងសង្គ្រាមមួយដែលប្រសិនបើជាមហាអំណាចយោធាពិតប្រាកដនោះ ប្រហែលជាប្រើពេលមិនដល់មួយសប្ដាហ៍ដើម្បីទទួលបានជ័យជម្នះនោះទេ។ នេះមិនមែនជារឿងល្អសម្រាប់រុស្ស៊ីទាល់តែសោះ។ តាមពិត វាកំពុងធ្វើឱ្យពួកគេមើលទៅដូចជា “ខ្លាក្រដាស” ទៅវិញ»។
លោក ត្រាំ ក៏បានលើកឡើងផងដែរថា ប្រជាជនរុស្ស៊ីកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយនេះជាពេលវេលាដែលអ៊ុយក្រែនត្រូវតែបន្តសកម្មភាពរបស់ខ្លួន។ លោកបានបន្ថែមថា លោកសូមជូនពរដល់ប្រទេសទាំងពីរ ហើយថាសហរដ្ឋអាមេរិកនឹងបន្តផ្ដល់អាវុធដល់អង្គការណាតូដើម្បីឱ្យពួកគេប្រើប្រាស់តាមតម្រូវការ។
