ចោរចូលប្លន់សារមន្ទីរលូហ្វវរ៍ ឆក់យកត្បូងមានតម្លៃមិនអាចកាត់ថ្លៃបាន
តាមសេចក្តីរាយការណ៍ពីហេតុការណ៍ប្លន់ដ៏គឃ្លើនកណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅពេលដែលក្រុមចោរបិទមុខចំនួន ៣ នាក់ បានសម្រុកចូល សារមន្ទីរលូហ្វវរ៍ (Louvre) ដែលជាសារមន្ទីរសិល្បៈដ៏ធំ និងល្បីល្បាញបំផុតមួយក្នុងពិភពលោក។ ក្រុមចោរបានធ្វើសកម្មភាពដ៏រហ័សរហួន លួចយកគ្រឿងអលង្ការ និងត្បូងមានតម្លៃមហាសាល ក្នុងរយៈពេលដ៏ខ្លីត្រឹមតែ ៧ នាទី ប៉ុណ្ណោះ មុននឹងរត់គេចខ្លួនបាត់។
យោងតាមប្រភពព័ត៌មានពីប្រទេសបារាំងបានរាយការណ៍ថា ក្រុមចោរប្លន់ដែលប្រដាប់ដោយរបាំងបិទមុខ បានប្រើប្រាស់ ជណ្តើរយន្តដឹកជញ្ជូនទំនិញ នៅក្នុងអគារដើម្បីចូលទៅដល់ “បន្ទប់វិចិត្រសាល Apollo” (Apollo Gallery) ដែលជាទីតាំងតាំងបង្ហាញគ្រឿងអលង្ការដ៏មានតម្លៃបំផុត។
ប្រភពដដែលបានបន្តថា ក្រុមចោរបានប្រើប្រាស់ រណារខ្នាតតូច ដើម្បីកាត់ទូដាក់តាំងបង្ហាញ ហើយបានប្រមូលយក គ្រឿងអលង្ការចំនួន ៩ មុខ ទៅបានដោយជោគជ័យ។ ក្រុមចោរបានរត់គេចខ្លួនចេញពីតំបន់កើតហេតុយ៉ាងលឿនដោយប្រើប្រាស់ ម៉ូតូស្កូតឺរ (Scooters)។ ក្នុងហេតុការណ៍នេះ មិនមានរបាយការណ៍ណាមួយបញ្ជាក់អំពីអ្នករងរបួសឡើយ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោកជំទាវ Rachida Dati បានថ្លែងបញ្ជាក់ពីហេតុការណ៍នេះ និងបានប្រកាសថា ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតជាបន្ទាន់។ ទ្រព្យសម្បត្តិដែលត្រូវបានលួចបាត់បង់នោះ ត្រូវបានមន្ត្រីសារមន្ទីរបង្ហើបឱ្យដឹងថា មានតម្លៃមហាសាលលើសពីការប៉ាន់ស្មាន ហើយបច្ចុប្បន្នក្រុមមន្ត្រីបារាំងកំពុងដុតដៃដុតជើងស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនក្រុមចោរនេះ។
ដើម្បីផ្តល់លទ្ធភាពឲ្យមន្ត្រីអនុវត្តច្បាប់ធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងប្រមូលភស្តុតាងនៅកន្លែងកើតហេតុ, សារមន្ទីរលូហ្វវរ៍ ដែលជាទីតាំងផ្ទុកផ្ទាំងគំនូរល្បីល្បាញលើពិភពលោក “Mona Lisa” ផងដែរនោះ ត្រូវបានបិទ ដំណើរការពេញមួយថ្ងៃ។ ប៉ូលិសបារាំងកំពុងពន្លឿនការត្រួតពិនិត្យរូបភាពពី កាមេរ៉ាសុវត្ថិភាព និងប្រមូលភស្តុតាងនៅចំណុចកើតហេតុ។
ទោះបីជាសារមន្ទីរលូហ្វវរ៍តែងតែត្រូវបានគេស្គាល់ថា មាន វិធានការណ៍សន្តិសុខដ៏តឹងរ៉ឹងបំផុត ក៏ដោយ ក៏ហេតុការណ៍ប្លន់ដ៏គឃ្លើននេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីប្រសិទ្ធភាពនៃប្រព័ន្ធសុវត្ថិភាពនៅសារមន្ទីរសិល្បៈលំដាប់ពិភពលោកមួយនេះ។
