មហាយក្សឥណ្ឌា ដែលមានប្រជាជនសរុបច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅជាង ១,៤ ពាន់លាននាក់បានងាកទៅស្អិតរមួតកាន់តែខ្លាំងជាមួយមហាយក្សចិន ដែលមានប្រជាជនសរុបជាង ១,៤ លាននាក់ ពោលគឺតិចជាងឥណ្ឌា តែបន្តិចប៉ុណ្ណោះ ខណៈឥណ្ឌា មានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាម៉េរិក។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី៦ ខែសីហា ឱ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង ៧ ឆ្នាំមកនេះ ហើយនេះជាសញ្ញាថ្មីមួយទៀតដែលបង្ហាញពីទំនាក់ទំនងការទូតកាន់តែស្អិតរមួតខុសធម្មតាជាមួយក្រុងប៉េកាំង ស្របពេលដែលឥណ្ឌា មានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក កើនឡើង។
ប្រភពច្បាស់ការចេញពីរដ្ឋាភិបាឥណ្ឌា បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Narendra Modi នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (Shanghai Cooperation Organization) ពហុភាគីដែលនឹងចាប់ផ្តើមនៅថ្ងៃទី 31 ខែសីហា ដ៏ខ្លីខាងមុខនេះ។ ទោះជាយ៉ាងណា ភ្លាមៗ ក្រសួងការបរទេសឥណ្ឌា មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះទេ។
ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់លោក Narendra Modi ទៅកាន់ប្រទេសចិន នឹងកើតមានឡើងក្នុងគ្រាដែលទំនាក់ទំនងរបស់ឥណ្ឌា ជាមួយសហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធគយបដិការខ្ពស់បំផុតលើទំនិញនាំចូលពីឥណ្ឌា ហើយបានគំរាមដាក់ពិន័យលើឥណ្ឌា បន្ថែមទៀត ប្រសិនបើឥណ្ឌា នៅតែបន្តទិញប្រេងពីរុស្ស៊ី៕