នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៥៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ នៅភូមិខ្នុរដំបង និងផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែង ៥,៥៦០ ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ នៅភូមិរវៀង ភូមិវាល និងឃុំខ្នុរដំបង ស្រុកជើងព្រៃ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តសិរីខ្នុរដំបង ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានលើកឡើងថាសមិទ្ធិផលទាំងអស់នេះគឺកើតចេញពីសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍបែបនេះដែរ មិនថាផ្លូវថ្នល់ ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុក។ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តារក្សានូវសុខសន្ដិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនបន្តទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាពយូរអង្វែងជាដ៏រាប។
លោកអភិបាល ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជាកំពុងឈរជើង ការពារបូរណភាពទឹកដីនៅជួរមុខ ដែលបាននឹងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហាន មោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ ប្រជាជន កម្ពុជាទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលកន្លងទៅថ្មីៗនេះ៕
ពិធីនេះក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរឃុំខ្នុរដំបង និងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលចូលរួមចំនួន ២៣៥ នាក់ ស្រី ១៤៧ នាក់។ ក្រោយចប់ពិធីលោកអភិបាល និងក្រុមការងារ ក៏បានជូនសារ៉ុងអនុស្សាវរីយ៍ដល់អ្នកចូលរួមម្នាក់ ០១ផងដែរ។


















