ទីក្រុងឡុងដ៍ — ការស៊ើបអង្កេតរបស់បណ្ដាញផ្សព្វផ្សាយអន្តរជាតិ BBC នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៥ នេះ បានរកឃើញនូវបណ្ដាញមួយដែលមានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលរុស្ស៊ី ហើយកំពុងព្យាយាមបំផ្លាញដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសមួយក្នុងតំបន់អឺរ៉ុបខាងកើត។ បណ្ដាញនេះបានសន្យានឹងផ្ដល់ប្រាក់ដល់អ្នកចូលរួមប្រសិនបើពួកគេបង្ហោះសារឃោសនាគាំទ្ររុស្ស៊ី និងព័ត៌មានក្លែងក្លាយដើម្បីធ្វើឱ្យខូចកេរ្តិ៍ឈ្មោះគណបក្សកាន់អំណាចនៅប្រទេសម៉ុលដាវីដែលមាននិន្នាការគាំទ្រសហភាពអឺរ៉ុប មុនការបោះឆ្នោតសភានៅថ្ងៃទី ២៨ ខែ កញ្ញា ខាងមុខ។
ក្រុមអ្នកកាសែតរបស់ BBC បានក្លែងខ្លួនចូលក្នុងបណ្ដាញនេះ ហើយបានរកឃើញថាអ្នកចូលរួមត្រូវបានបង់ប្រាក់ដើម្បីធ្វើការស្ទង់មតិប្រជាជនម៉ុលដាវីក្នុងនាមជាអង្គការដែលគ្មានអត្ថិភាពពិតប្រាកដដែលធ្វើឱ្យការស្ទង់មតិនេះខុសច្បាប់។ អ្នករៀបចំកម្មវិធីបានលើកឡើងថា លទ្ធផលដែលត្រូវបានរៀបចំជាស្រេចអាចត្រូវបានប្រើប្រាស់ដើម្បីចោទសួរអំពីលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ។
ការផ្សារភ្ជាប់ទៅនឹងមហាសេដ្ឋីម៉ុលដាវី និងភស្តុតាងពីការស៊ើបអង្កេត
ក្រុមអ្នកកាសែតក៏បានរកឃើញផងដែរនូវការផ្សារភ្ជាប់គ្នារវាងបណ្ដាញសម្ងាត់នេះ និងលោក អ៊ីលែន ស័រ (Ilan Shor) ដែលជាមហាសេដ្ឋីម៉ុលដាវីដ៏មានឥទ្ធិពល។ លោកត្រូវបានអាមេរិក និងចក្រភពអង់គ្លេសដាក់ទណ្ឌកម្មដោយសារជាប់ពាក់ព័ន្ធនឹង “ប្រតិបត្តិការជះឥទ្ធិពលដ៏អាក្រក់របស់រុស្ស៊ី” ហើយបច្ចុប្បន្នកំពុងជ្រកកោននៅទីក្រុងមូស្គូ។
ក្រុមការងារស៊ើបអង្កេតរបស់ BBC ក៏បានរកឃើញផងដែរនូវការផ្សារភ្ជាប់ទៅនឹងអង្គការមិនស្វែងរកប្រាក់ចំណេញមួយឈ្មោះ “អេហ្វ្រាស៊ីយ៉ា” (Evrazia) ដែលមានទំនាក់ទំនងជាមួយលោក ស័រ។ អង្គការនេះត្រូវបានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មផងដែរពីបទចោទប្រកាន់ថាបានសូកប៉ាន់ប្រជាជនម៉ុលដាវីដើម្បីបោះឆ្នោតប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុបក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ ២០២៤។
អ្នកកាសែតដែលក្លែងខ្លួនរបស់ BBC បានចូលរួមក្នុងបណ្ដាញនេះតាមរយៈកម្មវិធី Telegram ហើយត្រូវបានបង់ប្រាក់ចំនួន ៣,០០០ លីយូម៉ុលដាវី (ប្រហែល ១៥០ ដុល្លារ) ក្នុងមួយខែ ដើម្បីបង្កើតការបង្ហោះនៅលើបណ្ដាញសង្គម TikTok និង Facebook។ ពួកគេក៏បានទទួលការណែនាំអំពីការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដូចជា ChatGPT ដើម្បីបង្កើតខ្លឹមសារដែលមើលទៅដូចជា “ធម្មជាតិ” ហើយត្រូវបានបង្ហោះក្នុងទ្រង់ទ្រាយវីដេអូដែលមានការចោទប្រកាន់មិនពិតដូចជា រដ្ឋាភិបាលបច្ចុប្បន្នកំពុងរៀបចំផែនការបន្លំលទ្ធផលបោះឆ្នោត ឬថាប្រធានាធិបតីម៉ៃយ៉ា សាន់ឌូ កំពុងជួយសម្រួលដល់ការជួញដូរកុមារ។
ការស៊ើបអង្កេតបានសន្និដ្ឋានថា បណ្ដាញនេះមានគណនី TikTok យ៉ាងហោចណាស់ ៩០ ហើយបានបង្ហោះវីដេអូរាប់ពាន់ដែលមានចំនួនអ្នកចូលមើលសរុបជាង ២៣ លានដង និងចុច Like ជាង ៨៦ ម៉ឺនដងចាប់តាំងពីខែមករា ខណៈដែលប្រជាជនម៉ុលដាវីមានត្រឹមតែ ២.៤ លាននាក់ប៉ុណ្ណោះ។
ឆ្លើយតបនឹងរបាយការណ៍របស់ BBC ស្ថានទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសបានបដិសេធការជាប់ពាក់ព័ន្ធណាមួយក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតនិងការជ្រៀតជ្រែកការបោះឆ្នោត។ ស្ថានទូតបានចោទប្រកាន់វិញថា សហភាពអឺរ៉ុបទៅវិញទេដែលបានជ្រៀតជ្រែកការបោះឆ្នោតរបស់ម៉ុលដាវី។ ទន្ទឹមនឹងនេះ TikTok បានបញ្ជាក់ថាខ្លួនបានចាត់វិធានការបន្ថែមដើម្បីសុវត្ថិភាពមុនការបោះឆ្នោត ហើយនៅតែបន្តចាត់វិធានការ “យ៉ាងម៉ឺងម៉ាត់ចំពោះអាកប្បកិរិយាបោកប្រាស់”។ ប៉ុន្តែ Meta ដែលជាម្ចាស់កម្មសិទ្ធិរបស់ Facebook មិនទាន់បានឆ្លើយតបទៅនឹងលទ្ធផលនៃការស៊ើបអង្កេតរបស់ BBC នៅឡើយទេ។
