ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងអាមេរិកផង ប្រកាសថ្កោលទោសការវាយប្រហារលើកាតា

ញូវយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានចេញសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដែលថ្កោលទោសចំពោះការវាយប្រហារនៅទីក្រុងដូហា រដ្ឋធានីរបស់កាតា កាលពីថ្ងៃអង្គារកន្លងទៅ។ គួរឱ្យចាប់អារម្មណ៍ ការសម្រេចចិត្តនេះទទួលបានការគាំទ្រពីសមាជិកទាំង ១៥ ប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ ទោះបីជាសេចក្តីថ្លែងការណ៍នេះមិនបានបញ្ចេញឈ្មោះអ៊ីស្រាអែលដោយផ្ទាល់ក៏ដោយ។
យោងតាមប្រភពព័ត៌មាន Reutersបានឱ្យដឹងថា ការសម្រេចចិត្តរបស់ UNSC អាចកើតឡើងបាន លុះត្រាតែមានការគាំទ្រជាឯកច្ឆន្ទពីសមាជិកទាំងអស់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងដូហាកាលពីថ្ងៃអង្គារ គឺក្នុងគោលបំណងកម្ទេចមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ប៉ុន្តែមិនបានសម្រេចឡើយ។ ហេតុការណ៍នេះបានបង្កើនប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ាឱ្យកាន់តែរីករាលដាលដល់ទឹកដីកាតា។
លោក Sheikh Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រីកាតា បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃម្សិលមិញថា ការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសរបស់លោក ឆ្លុះបញ្ចាំងពីចេតនារបស់អ៊ីស្រាអែលដែលកំពុងព្យាយាមបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមក្នុងតំបន់ហ្គាហ្សា ដោយការវាយប្រហារលើមេដឹកនាំហាម៉ាស់នៅទីក្រុងដូហា និងមិនបានយកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែលឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានអះអាងថាកាតានៅតែបន្តដើរតួជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្រ្គាមហ្គាហ្សា។
ផ្ទុយទៅវិញ លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតា គឺជាការបញ្ជូនសារមួយថា អ៊ីស្រាអែលនឹងតាមវាយប្រហារមេដឹកនាំហាម៉ាស់ មិនថាពួកគេលាក់ខ្លួននៅទីណាក៏ដោយ ទាំងនៅក្នុងតំបន់ហ្គាហ្សា ទីក្រុងតេអេរ៉ង់ ឬទីក្រុងដូហា។
ជាធម្មតា សហរដ្ឋអាមេរិកតែងតែការពារអ៊ីស្រាអែលក្នុងនាមជាសម្ព័ន្ធមិត្តដ៏រឹងមាំ ប៉ុន្តែលើកនេះ សហរដ្ឋអាមេរិកបានគាំទ្រសេចក្តីថ្លែងការណ៍របស់ UNSC ដែលថ្កោលទោសការវាយប្រហារលើកាតា។ នេះឆ្លុះបញ្ចាំងពីការមិនពេញចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការបញ្ជាឱ្យវាយប្រហារនៅកាតារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ មុននេះ សហរដ្ឋអាមេរិកក៏បានរិះគន់អ៊ីស្រាអែលថា ការវាយប្រហារតែឯកឯងលើកាតានេះ មិនបានផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ។
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ UNSC ដែលតាក់តែងដោយបារាំង និងចក្រភពអង់គ្លេស បានបង្ហាញពីការគាំទ្រ និងឯកភាពគ្នាជាមួយកាតា ដោយសង្កត់ធ្ងន់លើការអំពាវនាវឱ្យកាត់បន្ថយភាពតានតឹង ដោះលែងចំណាប់ខ្មាំង និងបញ្ចប់សង្រ្គាមហ្គាហ្សា ដែលនៅតែជាអាទិភាពចម្បងរបស់ក្រុមប្រឹក្សាសន្តិសុខ។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *